ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Saturday, December 17, 2016

ស្ពាននាគ ភ្ជាប់និស្ស័យមនុស្សទៅកាន់ទេវស្ថាន

·   0



នៅតាមសំណង់ស្ថាបត្យកម្ម តាំងពីបុរាណ រហូតមក ដល់បច្ចុប្បន្នរបស់ខ្មែរ តែងមានផ្សារភ្ជាប់ទៅនាគដែលជានិមិត្តរូបសត្វពិសិដ្ឋ និងតំណាងឲ្យបុព្វបុរសដូន​តារបស់ខ្មែរយើង។ នៅតាមប្រាសាទ ដ៏ល្បីល្បាញ របស់បុព្វបុរសរបស់ខ្មែរសុទ្ធ តែមានស្ពាននាគ (ស្ពានដែលមានបង្កាន់ដៃជាដងខ្លួនសត្វនាគ) នៅជាប់ជាមួយ​ក្នុងសំណង់របស់ខ្លួន ឧទាហរណ៍ប្រាសាទអង្គរវត្ត ទីក្រុងយសោធរបុរៈ (អង្គរធំ) ប្រាសាទភ្នំរុង (ប្រទេសថៃ បច្ចុប្បន្ន) ប្រាសាទវត្តភូ(ប្រទេសឡាវ បច្ចុប្បន្ន) ហើយរហូតមក ដល់សំណង់ស្ថាបត្យកម្ម សម័យទំនើបនេះក៏ មានស្ពាននាគដែរ ដូចជានៅ វត្តភ្នំ កោះពេជ្រ ជាដើម ។ល។ តើស្ពាននាគដ៏សង្ហាទាំងនោះមានអត្ថន័យយ៉ាងណា?
បើសិនជាយើងពិនិត្យទៅតាមអត្ថន័យ បែបវប្បធម៌ ស្ពាន់នាគ គឺជានិមិត្តរូបរបស់ខ្មែរតាមបែប ព្រាហ្មនិយមផង និងពុទ្ធនិយមផង។ តាមលទ្ធិព្រាហ្មនិយម ជាពិសេសនៅក្នុងគុម្ពីរបុរាណមួយរបស់ឥណ្ឌា គឺឋានមនុស្ស និងឋានលើតភ្ជាប់គ្នាទៅដោយបន្ទាត់ពិសិដ្ឋមួយតំណាងឱ្យ ឥន្ទនូ មានរូបរាងដូចជាសត្វនាគ ហើយមានកសិណទឹកតំណាងឱ្យចក្រវាឡ។ ដោយឡែកនៅក្នុងព្រះពុទ្ធសាសនាវិញក៏បានបង្ហាញផងដែរថា ស្ពាននាគឥន្ទធនូ គឺជាស្ពានតភ្ជាប់ស្ថាន មនុស្ស និងស្ថានសួគ៏ ដូចតាមគំនូរ ចម្លាក់បែបពុទ្ធសាសនាតាំងពីបុរាណតែងតែបង្ហាញថា ព្រះពុទ្ធអង្គបានយាងចុះពីស្ថានសួគ៌ត្រៃត្រិង្សតាមជណ្ដើរដែលជា ឥន្ទធនូ ហើយមាននាគមាស និងនាគប្រាក់ជាបង្កាន់ដៃ ។ អត្ថន័យនៃចម្លាក់ ឬគំនូរនេះ មានការអះអាងថាព្រះពុទ្ធបរមគ្រូនៃយើងបានយាងចុះពីឋានសួគ៌ ត្រៃត្រឹង្សតាមជណ្ដើរឥន្ទនូនេះហើយជណ្ដើរនេះនឹងជួយចម្លងមនុស្ស ដែលធ្វើបុណ្យសន្សំកុសលបានច្រើនឱ្យទៅកើតនៅឋានសួគ៌ទៀតផង ។
នៅតាមប្រាសាទអង្គរវត្ត វត្តភូ និងភ្នំរុង ដែលសុទ្ធតែប្រាសាទឧទ្ទិសដល់លទ្ធិសិវៈនិយម ស្ពាននាគគឺជានិមិត្តរូបនៃការតភ្ជាប់រវាងឋានមនុស្សជាមួយនឹងឋានអាទិទេព។ តួប៉មប្រាសាទ គឺតំណាងឲ្យភ្នំកែឡាសដែលជាទីលំនៅរបស់ព្រះសិវៈ រីឯគួទឹកជុំវិញសំដៅទៅមហាសមុទ្រដែលនៅព័ទ្ធជុំវិញភ្នំកៃឡាស។ ដើម្បីទៅដល់ឋានអាទិទេព ឬភ្នំកែឡាស មនុស្សចាំបាច់ត្រូវឆ្លងស្ពាននាគឥន្ទធនូ ដែលឆ្លងមហាសមុទ្រ និងឡើងកាំចណ្តើជាច្រើនជាន់មុនទៅដល់ទីពិសិដ្ឋ។ មានការកត់សម្គាល់មួយចំនុចទៀតគឺថា នាគ គឺជាយានជំនិះរបស់ព្រះភិរុណដែលមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពខ្មែរ ហើយភាគច្រើននៅក្នុងចម្លាក់គឺច្រើនអមដោយមករដែលតំណាងឱ្យត្រីសមុទ្រផង ។
នៅក្នុងសម័យមហានគរ ពិសេសចម្លាក់ស្ពានរូបនាគនៅខាងមុខខ្លោងទ្វារប្រាសាទអង្គរធំផ្នែក ខាងត្បូងឆ្លងកាត់ទន្លេអុំដែលកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ មានចម្លាក់ទេវតា និងយក្សកាន់ក្បាលនាគទាញព្រ័ត្រម្ខាង៥៤ ។ ចម្លាក់ដ៏រស់រវើកនេះមានការអះអាងថា ជានិមិត្ដរូបនៃការចម្លងមនុស្សទៅកាន់ឋានបរមសុខគ្មានការកើត ចាស់ ឈឺ ស្លាប់ឡើយ ដែលទទួលឥទ្ធិពលពីព្រហ្មញសាសនា និងព្រះពុទ្ធសាសនា ដើម្បីដណ្ដើមយកទឹកអម្រិតទៅផឹកឱ្យមានជីវិតអមតៈ។ លោកបណ្ឌិតមីសែល ត្រាណេ បានបញ្ជាក់ឲ្យដឹងថា អត្ថន័យដ៏មានសារសំខាន់របស់ស្ពានចេញចូលប្រាសាទអង្គរធំ គឺជានិមិត្ដរូបសម្រាប់ការចម្លងមនុស្សទៅកាន់ស្ថានសុខ ក្សេមក្សាន្ដ ។ លោកបណ្ឌិតបានបន្តទៀតថា ទីក្រុងអង្គរធំដែលមានប្រាសាទបាយ័នជាស្នូលកណ្ដាល គឺជារូបភាពបំព្រួញដ៏តូចមួយនៃសកលលោកយើងនេះ ។ ទីក្រុងអង្គរធំមានហ៊ុមព័ទ្ធជុំវិញដោយកសិណទឹកដ៏ធំអស្ចារ្យដែល គេអាចប្រៀបផ្ទឹមបានទៅនឹងមហាសាគរ និងកំពែងដូចភ្នំ ដែលព័ទ្ធជុំវិញព្រះធរណីដ៏ធំមហិមាដូច្នោះដែរ ហើយភាគច្រើនមិនថាវប្បធម៌ណាៗ នាគតែងជានិមិត្តរូបអ្នកការពារ ជាពិសេសផ្សាភ្ជាប់ជាមួយនឹងទឹក។ ចំពោះនិមិត្ដរូបនិយមនៃទីក្រុងអង្គរធំនេះ សិលាចារឹកក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧បានបញ្ជាក់ឱ្យដឹងថា ប្រាសាទមានកំពូលខ្ពស់ដល់ទៅអាកាស ចំណែកឯកសិណវិញមានជម្រៅដល់ស្ថានភុជង្គនាគ ។ ព្រះបាទជ័យវរ្ម័នទី៧ បានសាងសង់ជ័យគិរី និងជ័យសន្ធុ(មហាសាគរនៃជ័យជំនះ)នេះឡើងដោយត្រាប់តាមឫទ្ធីនៃ ធ្នូ-សដ៏មានមហិទ្ធិឫទ្ធិ ។
គំនិតដែលនាំឱ្យស្ថាបត្យករ និងវិចិត្រករខ្មែរបុរាណឆ្លាក់ក្បាច់ចម្លាក់រស់រវើក ដូចជា ក្រុមយក្ស និងទេវតាទាញព្រ័ត្រជាសត្វនាគអមសងខាងទ្វារចេញចូលទីក្រុងអង្គរធំ គឺកើតចេញពីទស្សនៈវិជ្ជា ។ ម្យ៉ាងទៀតយើងបានដឹងថា ទ្វារចេញចូលទីក្រុងអង្គរដែលមានវត្ដមានពពួកយក្ខ និងទេវតា ក៏មានស្ពានមួយយ៉ាងធំត្រូវបានគេប្រើប្រាស់រហូតមកដល់សព្វ ថ្ងៃនេះជាមួយនឹងនិមិត្ដរូបចម្លាក់ដ៏ស៊ីជម្រៅបែបនេះឯង ។ ម៉្យាងវិញនេះគឺជាទស្សនៈវិជ្ជាបែបបង្រួបបង្រួមមួយរវាងរវាងសាសនាទាំង២ ក្នុងរាជព្រះបាទជ័យរវ្ម័នទី៧។ ការប្រើស្ពាននាគពួកអសុរៈ និងទេវតា គឺមានភាពស៊ីសង្វាក់ទៅនឹងទេវកថា កូរសមុទ្រទឹកដោះ ដែលមានវត្តមាននៅក្នុងស្ទើរតែគ្រប់ប្រាសាទរបស់ព្រាហ្មសាសនា។ ក្នុងទេវកថានាគឈ្មោះថា វាសុគិ ដែលត្រូវគេចាប់យកមកធ្វើជាខ្សែសម្រាប់បង្វិលស្នូលនៃលោហធាតុ ដោយយកភ្នំមន្ទរ និងអណ្តើកអវតា គូម៌ៈ មកធ្វើជាប្រដាប់កូរដើម្បីយកទឹកអម្រិត ហើយនៅផ្នែកក្បាលគេឃើញពួកយក្សចំនួន៩២នាក់ និងផ្នែកកន្ទុយគឺមានទេវតាចំនួន៨០អង្គ កំពុងកាន់កន្ទុយនាគយ៉ាងណែននៅនឹងដៃ ដើម្បីទាញបង្វិលភ្នំនេះឱ្យកើតជាភោគផលជាច្រើនរាប់មិនអស់រាប់ទាំងអប្សរារាប់ពាន់អង្គ។
ចំណែកឯស្ពាននាគនៅខ្លោងទ្វារចូលអង្គរធំខេត្ដសៀមរាប គេឃើញមានចម្លាក់ទេវតា និងយក្សទាញព្រ័ត្រឈរកាន់ក្បាលនាគទាំងសងខាង ដើម្បីយកទឹកអម្រិតដែលឆ្លុះបញ្ចាំងអំពីជំនឿសាសនាយ៉ាងជ្រាលជ្រៅ និងការរីកចម្រើននៃប្រព័ន្ធគមនាគមន៍ និងទ្វារទឹក ។ យោងតាមឯកសារប្រវត្ដិសាស្ដ្របានបញ្ជាក់ថា នៅសម័យមហានគរដ៏រុងរឿង គេសង្កេតឃើញសមិទ្ធផលជាច្រើនបានរីកព្រោងព្រាតពាសពេញផ្ទៃប្រទេស ជាពិសេស ស្ពាន ថ្នល់ ដែលជាមធ្យោបាយក្នុងការធ្វើដំណើរ និងជាទ្វារទឹកដ៏សំខាន់ក្នុងការងារកសិកម្ម ។ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧គេបានប្រទះឃើញនូវផ្លូវ២ខ្សែ ធំ ពីយសោធរបុរៈ ទៅភិម៉ាយ និងស្រីវិជ័យ និង២ខ្សែតូចៗទៀតសម្រាប់តភ្ជាប់ពីរាជធានីទៅតំបន់នានា និងស្ពានបុរាណមួយចំនួនទៀតសម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ សម្រាប់បំរើឲ្យវិស័យពាណិជ្ជកម្ម និងទំនាក់ ទំនងទូទៅ ក៏ដូច ជាទ្វារទឹកសម្រាប់ការងារកសិកម្មផងដែរ ។ ស្ពានបុរាណទាំងនោះខ្លះចាស់ទ្រុឌទ្រោម និងខ្លះទៀតនៅមានគុណភាពល្អអាចប្រើប្រាស់បានហើយមានរចនារូបនាគ គ្រុឌ យក្ស ទេវតា ឆ្លុះបញ្ជាំងពីទស្សនៈសាសនាទៀតផង ។ សមត្តិកម្មបែបប្រវត្តិសាស្រ្តវប្បធម៌មួយទៀតទាក់ទងនឹងស្ពាននាគ គឺនាគជាមគ្គុទេសន៍ ឬអ្នកប្រាប់ផ្លូវ ឧទាហរណ៍ជាក់ស្តែងគឺស្ពានទិសរបស់ព្រះបាទជ័យរវ្ម័នទី៧ ទាំងឡាយគឺសុទ្ធតែជាស្ពាននាគ។ នេះជាភស្ថុតាងមួយទៀត គឺមរតកស្ពានកំពង់ក្តី ៖ ស្ពាននេះ ត្រូវបានគេហៅឈ្មោះច្រើនផ្សេងគ្នាដូចជា៖ ស្ពានប្រាប់ទិស ស្ពានព្រះទិស ស្ពាននាគ និង ស្ពានកំពង់ក្តី ជាដើម។ នៅក្នុងសំណេររបស់លោក អេជែន អៃម៉ូនីញ៉េ នាឆ្នាំ ១៩០០ ស្ពាននេះ បានកត់ត្រាឈ្មោះ ពីភាសាខ្មែរ មកអក្សរឡាតាំងថា Spéan Prâp Toeûs ឬ Spéan Preah Phtoeûs ។ បើពិចារណាតាម វិធីភាសាសាស្ត្រ ស្ពាននេះគួរមានឈ្មោះថា ព្រះទិស មានន័យថាទិសធំ ទិសបូព៌ ឬ ទិសខាងកើត។ ព្រះទិស អាចហៅម្យ៉ាងទៀតថា បុព្វទិស។ លើសពីនេះ នៅភាគអាគ្នេយ៍នៃស្ពាន ប្រហែល៥០០ម៉ែត្រ ក៏មានវត្តចាស់ ឈ្មោះ ព្រះទិស ដែរ ហើយសព្វថ្ងៃ គេហៅវត្ត បុព្វទិសារាម។
ស្ពាននេះស្ថិតនៅ លើផ្លូវបុរាណ តភ្ជាប់ពីអង្គរ ទៅខេត្តខ័ណ្ឌផ្សេងៗ នៅភាគអាគ្នេយ៍ នៃរាជធានីអង្គរ ឆ្លងកាត់ស្ទឹងជីក្រែង។ វាជាស្ពានដែលវែងជាងគេ ក្នុងចំណោមស្ពាន ទាំង២២ (ឥឡូវនេះ មើលឃើញតែ ១១ទេ ក្រៅពីនេះ បានធ្វើផ្លូវលុបពីលើអស់ហើយ) លើដងផ្លូវនេះ ដែលមានបណ្តោយប្រវែង ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កំពស់ ១០ម៉ែត្រ ពីបាតស្ទឹង រន្ធតដេវចំនួន ២១ និង សរសរ ចំនួន ២០។ ស្លាបស្ពានទាំងបួន មានប្រវែងខុសៗគ្នា ដែលក្នុងនោះ ស្លាបខាង ពាយ័ព្យប្រវែង ២២ម៉ែត្រ និង កំពស់៥ម៉ែត្រ។ ស្ពាននេះ ធ្វើអំពីថ្មបាយក្រៀម លំអរដោយ បង្កាន់ដៃនាគ មានក្បាល៩ និងថ្មគោលចំនួន៤ ធ្វើអំពីថ្មភក់។ ថ្មគោល២ ខាងលិច មានម្ខាងឆ្លាក់រូបយក្ខជាឆ្មាំ និង ម្ខាងទៀត ជារូបទេវតា ដូចចម្លាក់ទ្វារបាល តាមប្រាសាទ សម័យបាយ័ន្តដែរ។
ស្ពាននេះបានជួសជុលពីរដងហើយ។ ម្តងនៅឆ្នាំ ១៩២៥ ដោយស្ថាប័ន សាលាបារាំង ចុងបូព៌ា បានជួសជុល និងលើលក្បាលនាគ ទាំងបួនដាក់បញ្ឈរ លើជើងទម្រដើមវិញ។ បន្ទាប់មក ពីឆ្នាំ ១៩៦៥ ដល់ ៦៧ រាជការខ្មែរ ដែលដឹកនាំដោយ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានជួសជុលផ្លូវជាតិលេខ៦ ហើយក៏បាន រៀបចំជួសជុល ស្ពាននេះ ដោយមានជំនួសបច្ចេកទេស ពីសាលាបារាំង ចុងបូព៌ា។ ការជួសជុលបានធ្វើតែ ពាក់កណ្តាលស្ពានផ្នែកចំហៀង ខាងជើងតែប៉ុណ្ណោះ ដោយចាក់ សរសរបេតុង មួយជូរផ្នែក ខាងមុខ សរសរស្ពានចាស់ និងបាន រៀបថ្មបាយក្រៀមបិទ ជុំវិញសរសរបេតុង ហើយបានចាក់ កំរាលបេតុង ពីលេពាក់កណ្តាលស្ពាននោះ។
បច្ចុប្បន្នស្ពាននេះមិនត្រូវដាក់ឲ្យប្រើប្រាស់ទៀតទេ ក្នុងគោលបំណងអភិរក្ស ព្រោះរាជរដ្ឋាភិបាលបានសាងសង់ស្ពានថ្មីសម្រាប់យានជំនិះទូទៅ។
លក្ខណៈសម្បត្តិស្ពាននាគសម័យបច្ចុប្បន្ន
• ក្បាលនាគ
សំណង់បង្កាន់ដៃនាគរបស់ស្ពាននីមួយៗ មានក្បាលនាគពីរអមសងខាងក្បាល ស្ពាន មានរាងដូចផ្លិតងើបឡើងឆ្ពោះឡើងលើ។ ក្បាលនាគនីមួយៗមានលំអរដោយចម្លាក់ក្បាលពស់ ពីក្បាលបី ទៅក្បាលប្រាំបួន។ ក្បាលពស់នីមួយៗមានលក្ខណៈសមាមាត្រគ្នា (ឆ្លុះគ្នា) និងមានការតុប តែងលម្អដោយក្បាច់ស្រកាពស់ និងមានក្បាច់ចម្លាក់អលង្ការផ្សេងៗជាច្រើននៅលើ កពស់ និងក្បាល ពស់ ហើយមានបង្ហាញចម្លាក់ធ្មេញ និងចង្កូមពស់មានលក្ខណៈដូចសត្វពស់ដែលមាននៅក្នុង ធម្មជាតិពិតៗ។ នៅចំកណ្តាលក្បាលនាគខាងមុខ មានលម្អដោយចម្លាក់ត្រាធំមួយមានរាងដូចរង្វង់ សម្រាប់បង្ហាញពីអំណាចរបស់ចម្លាក់នាគ។ នៅចំពីក្រោមរង្វង់នេះបន្តិចមានរចនលម្អដោយចម្លាក់ ក្បាច់ស្លឹកឈូករាងផ្ងា និងផ្កាប់មួយជួរ រាងលយចេញមកមុខក្បាលនាគបន្តិច ហើយនៅពីលើក្បាច់ ត្របកឈូកនេះក៏មានការរចនាដោយចម្លាក់ក្បាលពស់មានចំនួនប្រាំទៀត ដែលមានទម្រង់ចម្លាក់ ប្រហាក់ប្រហែលគ្នា នឹងចម្លាក់ក្បាលនាគខាងលើដែរ។
• ជើងទម្រនាគ
ផ្តើមចេញពីចម្លាក់ក្បាលពស់ទាំងប្រាំនេះ មាន ដាប់ថ្មមួយរាងលយចេញមកមុខបន្តិច ហើយនៅពីខាងក្រោមមានទ្រដោយជើងទម្រនាគមួយដែលមាន បង្ហាញចម្លាក់រូបមនុស្សម្នាក់កំពុងតែអង្គុយលត់ជង្គង់សំពះ។ ជើងទម្រនាគនីមួយៗ មានការរចនាលម្អ ចែកជាផ្នែកសំខាន់ៗ ផ្នែកខាងលើមើលពីចំហៀងលើជ្រុងជួរផ្នែកខាងក្រៅ មានលម្អដោយចម្លាក់ក្បាល ពស់ប្រាំ ផ្នែកកណ្តាលលម្អដោយក្បាច់ពេជ្រស្រួច និងផ្នែកខាងក្រោមលម្អដោយក្បាច់ត្របកឈូកហ៊ាន ផ្កាប់។ ជើងទម្រនាគនីមួយៗមានទំហំប្រហាក់ប្រហែលគ្នាមានកម្ពស់ប្រវែង ០.៥០ម៉ែត្រ ជ្រុងនីមួយៗមានប្រវែងប្រែប្រួលពី ០.៧០ម៉ែត្រទៅ០.៨០ម៉ែត្រ និងចម្ងាយចន្លោះពីជើង ទម្រមួយទៅជើងទម្រមួយ មានប្រវែង១.៦០ម៉ែត្រ។
• ផ្នែកខាងក្រោយនៃក្បាលនាគ
នៅផ្នែកខាងក្រោយក៏មានបង្ហាញចម្លាក់ក្បាលពស់ចំនួនដូចខាងមុខដែរ តែទម្រង់ចម្លាក់ពុំសូវ មានលក្ខណៈលេចធ្លោប៉ុន្មានទេ។
• ខ្លួននាគ
សំណង់ជើងទម្រនាគនីមួយៗ គឺជាចំណុចតំណ របស់កំណាត់ថ្មខ្នងនាគនីមួយៗ។ ខ្លួននាគ តភ្ជាប់ដោយថ្មមួយកំណាត់ៗដោយមានការរចនាលម្អបន្តិច បន្តួចនៅពីលើខ្លួននាគត្រង់មុខតំណរ ដោយក្បាច់ស្លឹកឈើផ្សេងៗមានរាងដូចជាចតុកោណស្មើរមួយ ហើយក្នុងនោះមានរំលេចដោយចម្លាក់រូបរាហ៊ូ នៅចំពាក់កណ្តាលរបស់តំណថ្ម។ចម្លាក់រូបរាហ៊ូនេះ ហាក់ដូចជាបានបង្ហាញនូវលក្ខណៈមួយខំប្រឹងទាញ ឬទប់មុខតំណនេះ មិនឲ្យឃ្លាត ឬរង្កិលដាច់ចេញ ពីគ្នាបានឡើយ។ គួរឲ្យកត់សម្គាល់ផងដែរថា មានស្ពានថ្មមួយចំនួនបានរចនាលម្អដោយបង្កាន់ដៃនាគ ទ្រដោយទេវរូបជាច្រើន។ ឧទាហរណ៍ ស្ពានថ្មចូលទៅក្នុងបរិវេណអង្គរធំ មានបង្កាន់ដៃនាគពីរដែល នាគនីមួយៗមានទ្រដោយទេវរូបចំនួន៥៤ ម្ខាងជារូបទេវ និងម្ខាងទៀតជារូបអសុរៈ ដោយទេវរូបទាំង ៥៤អង្គនោះ សុទ្ធតែយកដៃចាប់ទាញខ្លួននាគយ៉ាងណែនក្នុងចលនារស់រើកហើយម្យ៉ាងទៀតរូបចម្លាក់ ទាំងអស់នេះ ប្រហែលជានិមិត្តរូបចម្លាក់រឿង “កូរសមុទ្រទឹកដោះ”។
• គុណតម្លៃនៃស្ពាននាគ
ដូចដែលបានរៀបរាប់មកនេះ ស្ថាបត្យករខ្មែរឲ្យតម្លៃខ្លាំងណាស់ទៅលើការរចនាលម្អក្បាលនាគ ដោយច្រើនតែឈរលើទស្សនៈ ដែលបានប្រតិបត្តិតាមលំដាប់នៃចំនួនលេខ “សេស” ជានិច្ចដូចជាមានក្បាល ៣.៥.៧.៩ ជាដើម។ ស្ពាននាគនៃប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃឥន្ធូ នាគបានភ្ជាប់មកផែនដីជា ឋានរស់នៅរបស់មនុស្ស លោកហើយ មានភារកិច្ចជួយចម្លងមនុស្សលោកឆ្ពោះទៅកាន់ឋានសួគ៌ ជាឋានរបស់ពពួកអាទិទេព និងទេវតា។ ឯការដាក់បន្ថែមនូវបង្កាន់ដៃនាគសម្រាប់ ធ្វើឲ្យមានសោភណភាពនៃសំណង់ និងដើម្បីបណ្តុះទឹកចិត្តស្រលាញ់ពីអ្នកទស្សនាទាំងឡាយ ហើយ ក្នុងជំនឿខ្មែរ បង្កាន់ដៃនាគបង្ហាញពីលិទ្ធិជីវចល។ ស្ពាននីមួយៗសុទ្ធតែបង្កប់នូវព្រលឹងសំងាត់ណា មួយនៅចាំថែរក្សា ជាពិសេសស្ពាននាគដែលមានទាក់ទងទៅនឹងឈ្មោះនៃព្រលឹងបុព្វការីជនណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ។
ប្រភព : kamnottrakhmer.com.kh/archives/2984​

Subscribe to this Blog via Email :