ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Monday, December 26, 2016

រោគ​សញ្ញា​និង​ផលវិបាក​នៃជំងឺ​ពុក​ឆ្អឹង​

·   0


ជំងឺ​ពុក​ឆ្អឹង​ (osteoporosis)​ កើតឡើង​នៅ​ពេល​ដែល​កំហាប់​ និង​ កម្លាំង​របស់​ឆ្អឹង​ចុះ​អន់​ខ្សោយ​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ឆ្អឹង​លែង​រឹង​មាំ​ ឬ​ ពុក​ផុយ​ ។​ ជំងឺ​នេះ​ធ្វើ​អោយ​ឆ្អឹង​ឡើង​ស្ពោត​ខុស​ ធម្មតា​ ។​ ភាព​ខុសធម្មតា​នេះ​ធ្វើ​អោយ​ឆ្អឹង​មាន​ សភាព​ខ្សោយ​ និង​ ងាយស្រួល​បាក់​នៅ​ពេល​ទទួល​រង​ការ​ប៉ះទង្គិច​ណាមួយ​ ។​ ជំងឺ​ឆ្អឹង​ស្តើង​ (osteopenia)​ គឺជា​លក្ខណៈ​របស់​ឆ្អឹង​ដែល​មាន​កំហាប់​តិច​ជាង​ធម្មតា​ ប៉ុន្តែ​ វា​មិន​ឈាន​ដល់​កំរិត​មួយ​ដូច​នៅ​ក្នុង​ជំងឺ​ពុក​ឆ្អឹង​នោះ​ទេ​ ។​

ឆ្អឹង​ធម្មតា​ ផ្សំ​ឡើង​ដោយ​ជាតិ​ប្រូតេអ៊ីន​ កូ​ឡា​សែន​ និង​ កាល់ស្យូម​ដែល​ជា​កត្តា​ធ្វើ​អោយ​ ឆ្អឹង​រឹង​មាំ​ ។​ ឆ្អឹង​ដែល​ពុក​ផុយ​ងាយស្រួល​នឹង​បាក់បែក​ ទោះបីជា​ទទួល​រង​ការ​ប៉ះទង្គិច​បន្តិច​ បន្តួច​ក៏​ដោយ​ (​ឆ្អឹង​ធម្មតា​មិន​បណ្តាល​អោយ​បាក់​នោះ​ទេ​)​ ។​ ការ​បាក់​អាច​ស្ថិត​ក្នុង​ទម្រង់​ជា​ បំណែកៗ​ (​ដូច​ជា​ការ​បាក់​ត្រគាក​)​ ឬ​ ការ​បាក់​រលំ​ (​ដូច​ជា​ការ​បាក់​សង្កត់​ទៅ​លើ​ឆ្អឹងខ្នង​)​ ។​ ឆ្អឹងខ្នង​ ត្រគាក​ ឆ្អឹងជំនី​ និង​ កដៃ​ជា​កន្លែង​ដែល​ងាយស្រួល​បាក់​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ ។

រោគ​សញ្ញា​ និង​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ក្នុង​ករណី​ជា​ច្រើន​ជំងឺ​ពុក​ឆ្អឹង​មិន​មាន​លេច​ចេញ​ជា​ រោគ​សញ្ញា​អ្វី​គួរ​អោយ​កត់សំគាល់​ទេ​ ដរាបណា​ឆ្អឹង​នោះ​មិន​ទាន់​បាក់​ ។​ បន្ថែម​ពីលើ​នេះ​ ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​នេះ​អាច​នឹង​ មិន​ត្រូវ​បាន​គេ​ដឹង​ជា​ច្រើន​ឆ្នាំ​នៅ​ពេល​ដែល​ វា​គ្មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។​ ដូច្នេះ​ហើយ​ទើប​បានជា​មនុស្ស​ភាគច្រើន​មិន​បាន​ ដឹង​ថា​ខ្លួនឯង​មាន​ជំងឺ​ពុក​ឆ្អឹង​ រហូត​ដល់​ពួក​គេ​ចាប់ផ្តើម​ឈឺ​ ចាប់​ដោយសារ​ការ​បាក់ឆ្អឹង​ ។​ រោគ​សញ្ញា​ដែល​ទាក់ទង​ទៅ​នឹង​ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ ពុក​ឆ្អឹង​ ជា​ធម្មតា​គឺ​ ការ​ឈឺចាប់​ (​តំបន់​ដែល​ឈឺ​ គឺ​នៅ​កន្លែង​បាក់​)​ ។​
យ៉ាងណាមិញ​រោគ​សញ្ញា​នៃ​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​បុរស​ប្រហាក់ប្រហែល​គ្នា​ទៅ​នឹង​ស្ត្រី​ដែរ​ ។

ការ​បាក់ឆ្អឹង​កង​ខ្នង​ (vertebra)​ អាច​បណ្តាល​អោយ​ឈឺចាប់​ដូច​ការ​កាច់​បត់​អ្វីមួយ​  និង​ អាច​រាល​ ដាល​ពី​ខ្នង​ទៅ​ផ្នែក​សងខាង​នៃ​ដងខ្លួន​ ។​ កន្លង​ទៅ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ប្រសិនបើ​មាន​ ការ​បាក់​ឆ្អឹងខ្នង​ម្តងទៀត​កើតឡើង​នោះ​វា​នឹង​អាច​បណ្តាល​អោយ​អ្នកជំងឺ​ មានការ​ឈឺ​ខ្នង​ផ្នែក​ ខាងក្រោម​រ៉ាំរ៉ៃ​ (chronic​ lower​ back​ pain)​ព្រមទាំង​ ធ្លាក់​កំពស់​ ឬ​ ឡើង​កោង​ខ្នង​ដោយសារ​ តែ​ការ​បាក់​ស្រុត​ឆ្អឹងខ្នង​នោះ​ ។​
ការ​បាក់​ស្រុត​នេះ​អាច​បណ្តាល​អោយ​អ្នកជំងឺ​ឡើង​គម​ខ្នង​ ឬ​ កោង​ខ្នង​ដែល​ច្រើន​លេច​ ឡើង​នៅ​ខ្នង​ផ្នែក​ខាងលើ​ (​គេ​និយម​ហៅ​ថា​ "​ជំងឺ​ស្ត្រី​គម​ខ្នង​ ឬ​ Dowager​ Hump"​ ដោយសារ​តែ​គេ​សង្កេត​ឃើញ​ច្រើន​កើត​លើ​មនុស្ស​ស្រី​មាន​វ័យ​ចំណាស់​ បន្តិច​)​ ។

ការ​បាក់​ឆ្អឹងត្រគាក​ភាគច្រើន​បណ្តាល​មក​ពី​ការ​ធ្លាក់​មក​ពី​កន្លែង​ខ្ពស់​ណាមួយ​ ។​ ប៉ុន្តែ​ ជាមួយ​ នឹង​ជំងឺ​ពុក​ឆ្អឹង​ គ្រាន់តែ​គ្រោះថ្នាក់​បន្តិចបន្តួច​ក៏​អាច​ធ្វើ​អោយ​មានការ​បាក់ឆ្អឹង​ត្រគាក​បាន​ ផង​ដែរ​ ។​ បន្ទាប់​ពី​ការ​វះកាត់​ព្យាបាល​ ការ​បាក់​ឆ្អឹងត្រគាក​ទាមទារ​ពេលវេលា​យូរ​ដើម្បី​ជា​ធូរ​ ស្រាល​វិញ​ ពីព្រោះ​តែ​ការ​ដុះ​ និង​ ការ​ជា​ស្បើយ​របស់​ឆ្អឹង​មាន​ភាព​យឹត​យ៉ាវ​ ឬ​ មិនសូវ​ល្អ​ ។​
គុណវិបត្តិ​ ឬ​ ផលវិបាក​របស់​ជំងឺ​ពុក​ឆ្អឹង​
ការ​បាក់ឆ្អឹង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​អាច​បណ្តាល​អោយ​ ៖
•​    ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​-​យូរអង្វែង​
•​    ​ឆាកជីវិត​ចាប់ផ្តើម​មាន​បញ្ហា​
•​    ​បាត់បង់​ពេលវេលា​ធ្វើ​ការងារ​
•​    ​និង​ អាច​ឈាន​ទៅ​ដល់​ពិការ​ភាព​ថែម​ទៀត​ផង​ ។

អ្នកជំងឺ​ដែល​បាក់​ឆ្អឹងត្រគាក​ប្រហែលជា​ ៣០​ ភាគរយ​ ទាមទារ​ការ​ថែទាំ​នៅផ្ទះ​ក្នុង​រយៈពេល​ យូរអង្វែង​ ។​ អ្នកជំងឺ​ដែល​មាន​វ័យ​ចំណាស់​អាច​វិ​វ​ត្តិ​ទៅ​រក​ជំងឺ​រលាក​សួត​ (pneumonia)​ និង​ មាន​កំណក​ឈាម​នៅ​សរសៃឈាម​ជើង​ (leg​ veins)​ ដែល​វា​អាច​ធ្វើ​ដំណើរ​រត់​ទៅ​កាន់​សួត​,​ ហើយ​នាំ​អោយ​មាន​ pulmonary​ embolism​ (​កំណក​ឈាម​ស្ទះ​សរសៃឈាម​សួត​)​។​ បញ្ហា​ខាងលើ​នេះ​អាច​កើតឡើង​នៅ​ពេល​ដែល​ អ្នកជំងឺ​សំរាក​នៅ​នឹង​គ្រែ​យូរ​ខ្លាំង​ពេល​ បន្ទាប់​ពី​ការ​បាក់​ត្រគាក​ ។​ ជំងឺ​ពុក​ឆ្អឹង​អាច​បង្កើន​ការ​ ប្រឈម​មុខ​ទៅ​នឹង​ការ​ស្លាប់​ ។​ ស្ត្រី​ប្រហែលជា​ ២០​ ភាគរយ​ ដែល​បាក់​ឆ្អឹងត្រគាក​នឹង​អាច​ ស្លាប់​នៅ​ឆ្នាំ​បន្ទាប់​ដោយ​ផលវិបាក​ប្រយោល​នៃ​ការ​បាក់​នោះ​ ។​ បន្ថែម​ពីលើ​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​ធ្លាប់​បាក់ឆ្អឹង​ខ្នង​ដោយសារ​ជំងឺ​ពុក​ឆ្អឹង​ រូបគេ​ម្នាក់​នោះ​នឹង​ ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ការ​រងគ្រោះថ្នាក់​ដោយសារ​ការ​បាក់ឆ្អឹង​ដទៃ​ផ្សេង​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​ (​ពីរ​បី​ឆ្នាំ​)​ ។​ ស្ត្រី​អស់​រដូវ​ប្រហែលជា​ ២០​ ភាគរយ​ ដែល​បាន​បាក់​ ឆ្អឹងខ្នង​អាច​នឹង​បាក់ឆ្អឹង​នោះ​ម្តងទៀត​នៅ​ឆ្នាំ​បន្ទាប់​ ។

អត្ថបទនេះត្រួតពិនិត្យដោយវេជ្ជ.ងួនសេរ័ត្ន ថ្ងៃទី07 ខែ កុម្ភះ ឆ្នាំ2012

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ 

Subscribe to this Blog via Email :