Wednesday, December 14, 2016
ប្រវត្តិទង់ព្រលឹង ដែលប្រជាជនខ្មែរប្រើពេលមានមនុស្សស្លាប់
កាលណាមានមនុស្សស្លាប់ លោកអាចារ្យតែងយកសំពត់សប្រវែង៤ហត្ថ បត់ជាពីរ យកឈើ ឬបន្ទះឬស្សី ពីរកំណាត់ដាក់ខ្វែងគ្នា គឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ រួចចងបង្រួមក្រសោបក្រោយសំរាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដងទង់នោះផង និងអាចារ្យសរសេរបាលីក្នុងផ្ទៃនោះ ដែលហៅថា ទង់ព្រលឹង។
ប្រជាជនខ្មែរ តែងប្រើទង់ព្រលឹងនៅពេលមានមនុស្សស្លាប់ ដោយអាចារ្យលើកទង់នោះទៅដាក់ក្បាលដំណេកបុគ្គលសា្លប់រួចផ្តាំបុគ្គល (ខ្មោច)នោះថា ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នកហើយចូរអ្នកកាន់ឲ្យជាប់ ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡោមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេ។
សៀវភៅលំអានទំនៀមខ្មែរបុរាណ បានបង្ហាញពីប្រវត្តិទង់ព្រលឹង ទៅនឹងរឿងព្រេងមួយ ដែលមានដំណាលថា កាលពីអតីតកាលដ៏យូរលង់ មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់ បានសុំឪពុកទៅរៀនសិល្បៈសាស្រ្តឯនគរ តក្ករសិលា លុះរៀនចប់សុំលាអាចារ្យចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកព្រឹត្តល្អតាមរបៀបសមណៈមាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន។ (មាណពនោះបួសរួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន)។ នៅរៀនយូរៗទៅមាណពនោះ បានសំរេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ។ មិនយូរប៉ុន្មានមាណពបច្ចេកពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយសំរាប់បុគ្គលជាបុថុជ្ជន។
អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះអដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន និងបានដឹងតាមដំណើររឿង ក៏យំសោកស្តាយអាល័យកូន។បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោចស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ ដោយឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ។ ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាម។ លុះចំណេរកាលតមកទៀតក៏ក្លាយទៅជាទំនៀមទម្លាប់ គឺពេលដែលបែរខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថា ខ្លួនត្រូវចេញដំណើរទៅតាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ៕
ប្រភព www.khmerscoop.com/good-knowledge/161190
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ