Sunday, December 18, 2016
ពិធីបុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ ជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរចាត់ទុកថា ធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ។ពិធីបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃ១រោជ រហូតដល់ថ្ងៃ១៥ រោជខែភទ្របទនៃចន្ទគតិ។ ពីថ្ងៃមួយរោជ ដល់ថ្ងៃ១៤រោជ គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ឯថ្ងៃ១៥រោជ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចសម្រាប់បោះនៅតាមកៀនព្រះវិហារនីមួយៗនៅពេលយប់ ដែលគេជឿថា ប្រែតនឹងមកទទួលនៅទីនោះ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវរដ្ឋាភិបាល នៃរបបកម្ពុជា ប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធធ្វើទេ ចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ក្រោយពីរបបនេះ ដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មី អនុញ្ញាតឲ្យប្រារព្ធធ្វើ តាមទំនៀមទម្លាប់ ប្រពៃណីឡើងវិញ។
ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។
ក្បួនច្បាប់នៃពិធីបុណ្យ បញ្ជាក់ថា ប្រែតចែកចេញជា៤ពួក គឺប្រែត ដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រែត ដែលស្រែកឃ្លាន ជានិច្ច ប្រែតដែលភ្លើងឆេះជានិច្ច និង ប្រែតដែលរស់ដោយសារ អ្នកដទៃឧទ្ទិសកុសលឲ្យ។ប្រជាពលរដ្ឋមានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាប កាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រែតនោះ នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពពួកប្រែតទាំងនេះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។
រយៈពេល១៥ថ្ងៃនេះ ពពួកប្រែតទាំងអស់ បានស្វែងរកការឧទ្ទិសមគ្គផលឲ្យពីសាច់ញាតិ នៅគ្រប់វត្តទាំងអស់។ ប្រសិនបើអំឡុងពេល៧ថ្ងៃ ប្រែតដើររកគម្រប់៧វត្ត ហើយនៅតែមិនឃើញសាច់ញាតិ ឬកូនចៅណាធ្វើបាយសម្លទៅប្រគេនលោកនៅវត្ត ដើម្បីឧទ្ទិសកុសលដល់ពួកគេទេ ប្រែតទាំងនោះនឹងដាក់បណ្តាសារនូវទំនាយផ្សេងៗ។គេជឿទៀតថា ពពួកប្រែតទាំងអស់ សុទ្ធតែខ្លាចពន្លឺថ្ងៃ និង ប្រែតក្រីក្រខ្លះ គ្មានសម្លៀកបំពាក់ នឹងមិនហ៊ានចេញមកទទួលមគ្គផលពីកូនចៅដោយចំហរឡើយ ដូច្នេះហើយ ទើបដូនតាតម្រូវឲ្យកូនចៅទាំងអស់ ត្រូវទៅបោះបាយបិណ្ឌនៅរៀងរាល់វេលាយប់ ចាប់ពីម៉ោង២ រំលងអាធ្រាត្រ រហូតដល់ម៉ោង៥ទាបភ្លឺ។ ក្រៅពីនេះ ប្រជាពលរដ្ឋកម្ពុជា ដែលកាន់ព្រះពុទ្ធសាសនាទាំងអស់ ត្រូវតែធ្វើម្ហូបអាហារ នំចំណី យកទៅប្រគេនព្រះសង្ឃ ដែលគង់ចាំត្រីមាសក្នុងវត្តដើម្បីជូនមគ្គផលដល់អ្នកស្លាប់ផងដែរ។
ពាក្យក្រើនរំលឹកក្នុងពិធីបុណ្យនេះ ដើម្បីបានពរជ័យពីអ្នកស្លាប់ទៅ ដូចជាឮពុកម្តាយ ឬអ្នកមានគុណទាំងឡាយដទៃទៀត កូនចៅទាំងអស់ នៃបុព្វការីជន យ៉ាងហោចណាស់ រយៈពេលមួយឆ្នាំនៃពិធីបុពណ្យនេះ ត្រូវទៅវត្តឲ្យបានមួយដង ឬទៅបោះបាយបិណ្ឌឲ្យបានមួយវត្តជាកំហិត ។
ទោះបីជាប្រជាពលរដ្ឋខ្មែរ ត្រូវបានគេរកឃើញថា មានជាង៨០ភាគរយ កាន់ព្រះពុទ្ធសាសនា ក្តី តែក្នុងចំណោមពលរដ្ឋទាំងនេះ មានមួយចំនួនតូច នៅមិនទាន់យល់ឲ្យស៊ីជម្រៅពីពិធីបុណ្យប្រពៃណី និងសាសនា ដ៏ធំមួយនេះនៅឡើយទេ។
កាលពីបុរមកាល(ពុទ្ធកាល) មក គេនិយមប្រារព្ធពិធីនេះ រយៈពេលបីខ្មែរ គឺចាប់ពីថ្ងៃចូលព្រះវស្សាទៅ តែក្រោយមក ចាស់ទុំបុរាណខ្មែរ បានកាត់បន្ថយមកត្រឹម ១៥ថ្ងៃវិញ ព្រោះយល់ឃើញថា ការរកចង្ហាន់ ទៅប្រគេនលោក របស់ប្រជាពលរដ្ឋពុំសូវបានល្អ។
ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ