ចំណេះដឹងថ្មីៗទាក់ទងនឹងស្ត្រីគ្រប់រូប

loading...

Saturday, December 17, 2016

រាជធានីឧដុង្គ

·   0


រាជធានីឧដុង្គ ត្រូវបានកសាងឡើងដោយព្រះបាទជ័យជេដ្ឋាទី២ កាលពីជាង៤០០ឆ្នាំមុន ឬក្នុងសតវត្សរ៍ទី១៧ ឬអំឡុងឆ្នាំ១៦១៨ នៃគ្រឹះសករាជ។ ប៉ុន្តែ ជាង២០០ឆ្នាំ ក្រោយមក នៅអំឡុងសតវត្សរ៍ទី១៩ ឬអំឡុងឆ្នាំ១៨៦៤ នៃគ្រឹះសករាជ ព្រះបាទ នរោត្តម បានផ្លាស់ ប្តូរ រាជធានី ពីឧដុង្គនេះ ទៅចតុមុខ ឬភ្នំពេញវិញ។
រាជធានីឧដុង្គ ស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល និងស្ថិតនៅភាគ ពាយព្យ នៃរាជធានីភ្នំពេញ ចម្ងាយប្រមាណ៣៥គីឡូម៉ែត្រ។
នៅចំកណ្តាល អតីតរាជធានីឧដុង្គ មានកូនភ្នំតូចមួយ ដែលគេដាក់នាមឲ្យថា ភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ។
ស្ថិតនៅចង្កេះភ្នំឧដុង្គ ភាគខាងជើង មានព្រះរាជចេតិយ៍ពីរ ដែលគេហៅថា ព្រះចេតិយ៍ទទឹម។ ព្រះចេតិយ៍ទទឹម នៅជ្រុងខាងកើត កសាងឡើងដោយព្រះបាទអង្គច័ន្ទទី២ កាលពីអំឡុងសតវត្សរ៍ទី១៦ ឬអំឡុងឆ្នាំ១៧៩៨ ដើម្បីតម្កល់ព្រះបរមអដ្ឋិ ព្រះបាទអង្គអេង ដែលជាព្រះបិតា។
ចំណែក ព្រះចេតិយ៍ទទឹមទី២ នៅជ្រុងខាងលិច កសាងឡើងដោយដោយព្រះបាទជ័យជេដ្ឋាទី២ កាលពីអំឡុងសតវត្សរ៍ទី១៧ ឬអំឡុងឆ្នាំ១៦២៣ ដើម្បីតម្កល់ព្រះបរមអដ្ឋិ ព្រះ បាទសត្ថា ត្រូវព្រះបិតុលា ឬឪពុកមា។
ដោយឡែក នៅពីលើកំពូលទំាងមូល មានព្រះចេតិយ៍ចំនួនបីផ្សេងទៀត ដែលចេតិយ៍ ដែលគេមើលឃើញពីជ្រុងខាងជើងនេះ ជាព្រះចេតិយ៍ សម្រាប់តម្កល់ព្រះបរមសិរីរឹកធាតុ ព្រះ ពុទ្ធគោត្តម ព្រះបរមគ្រូនៃយើង។ ព្រះចេតិយ៍នេះ កសាងឡើងដោយអតីតមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ កាលពីឆ្នាំ១៩៩៦។
ព្រះចេតិយ៍នៅកណ្តាល ដែលមានចម្លាក់រូបក្បាលដំរីនេះ មានព្រះនាមថា ព្រះចេតិយ៍សាមពាន់។ ព្រះចេតិយ៍នេះ កសាងឡើងដោយព្រះបាទជ័យជេដ្ឋាទី២ កាលពីអំឡុងសតវត្សរ៍ទី១៧ ឬអំឡុងឆ្នាំ១៦២៣ ដើម្បីតម្កល់ ព្រះបរមអដ្ឋិ ព្រះបាទសុរិយោពណ៌ ជាព្រះបិតា។ ចំណែកឯ ព្រះចេតិយ៍ ដែលមានក្បាច់ក្បូរយ៉ាងស្រស់ស្អាតនេះ កសាងឡើងដោយព្រះបាទ នរោត្តម ក្នុងអំឡុងសតវត្សរ៍ទី១៩ ឬក្នុងអំឡុងឆ្នាំ១៨៩១ ដើម្បីតម្កល់ព្រះបរមអដ្ឋិ ព្រះបាទ
អង្គដួង ជាព្រះបិតា។
ព្រះចេតិយ៍ ដែលនៅឆ្ងាយពីគេនេះ ជាព្រះចេតិយ៍ ព្រះបាទ ស៊ីសុត្ថិមុនីវង្ស។
នៅក្នុងបរិវេណអតីតរាជធានី ឬជុំវិញភ្នំព្រះរាជទ្រព្យ ហៅភ្នំឧដុង្គ ហ៊ុនព័ទ្ធទៅ ដោយ វត្តអារ៉ាមព្រះពុទ្ធសាសនា ផ្ទះ និងវាលស្រែ របស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន ភ្នំ ឬរាជធានីឧដុង្គ បានក្លាយទៅជា តំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏ល្បីល្បាញមួយ របស់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ។ ភ្ញៀវ ដែលមកទស្សនា ឬកម្សាន្ត នៅ រាជធានីឧដុង្គនេះ អាចជាវម្ហូបអាហារ នំ ចំណី ឬជួលគ្រែ ឬកន្លែងសម្រាប់អង្គុយលំហែ កាយបានដោយរីករាយ។
ភ្ញៀវទេសចរ មួយចំនួន ក៏បានលើកឡើងផងដែរថា រមនីយដ្ឋានអតីត រាជធានីឧដុង្គ ហាក់មិនទាន់ជាកន្លែង ដែលអាចទាក់ទាញទេសចរណ៍ទេ ព្រោះការរៀបចំសណ្តាប់ធ្នាប់ ទំាង ការលក់ដូរ ការចតរថយន្តនៅមានកម្រិតនៅឡើយ។
នៅតាមកាំជណ្តើរឡើងភ្នំ នៅមានអ្នកសុំទានច្រើនកុះករនៅឡើយ ធ្វើឲ្យប៉ះពាល់ ដល់ អារម្មណ៍ភ្ញៀវទេសចរ និងមុខមាត់ កិត្តិយសប្រទេសជាតិផងដែរ។ អាជ្ញាធរ ដែលប្រចាំការ នៅទីនេះ គួរយកចិត្តទុកដាក់ ចំពោះការរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ដើម្បីឲ្យសក្តិសម និងឆ្លើយតប ទៅនឹងកិត្តិនាមថា ឧដុង្គអតីតរាជធានី ដ៏ល្បីល្បាញរបស់ខ្មែរ។

ប្រភពៈ ហ្វេសប៊ុក

ហាមដាច់ខាតការយកអត្ថបទពីវេបសាយ chongyol.blogspot.com ដោយគ្មានការអនុញ្ញតិ

Subscribe to this Blog via Email :