បទភ្លេង និងទំនុកច្រៀង៖ លោក គង្គ ប៊ុនឈឿន
សម្រួលតន្រ្តី៖ លោក ម៊ែរ ប៊ុន
ច្រៀងដោយ៖ អ្នកស្រី រស់ សេរីសុទ្ធា
ប្រវត្តិបទ៖ ក្នុងសៀវភៅ «កំណាព្យស្នេហ៍មាស» របស់លោក គង្គ ប៊ុនឈឿន បានបង្ហាញថា នៅក្នុងសាច់រឿងប្រលោមលោក «ទឹកភ្នែកកុលាបបាត់ដំបង» ភូមិភ្នំធំ ជាទីតាំងប្រតិស្ឋាននូវជីវិតស្នេហារវាងកម្លោះ ប្រាថ្នា និងនាង កុលាប ក្រមុំជនបទ។
តែអនិច្ចា ពេលដែលគេជួបគ្នា ស្រឡាញ់គ្នា កម្លោះប្រាថ្នា មិនអាចមើលស្គាល់នាងឡើយ ព្រោះគេពិការភ្នែកដោយត្រូវកំទេច និងផ្សែងគ្រាប់បែកខ្ទាតត្រូវ គឺបានត្រឹមតែវេញចងចំណងស្នេហាភក្តី ដោយពាក្យសម្តី និងបេះដូងដ៏សែនពុះកញ្ជ្រោលប៉ុណ្នោះ។
ក្រោយមកកម្លោះនេះ បានបែកពីនាងត្រឡប់ទៅភ្នំពេញដើម្បីព្យាបាលរបួស។ មុនឡើងអេលីកូ ប្រាថ្នាបានឲ្យខ្សែកមួយខ្សែដល់នាងកុលាប ដោយសន្យានៅចំពោះមុខឪពុកនាងកុលាបទៀតថា កាលណាគេព្យាបាលភ្នែកជា និងវិលមករកនាងវិញ។
បន្ទាប់ពីបាត់ដំណឹងយូរ ដោយនាងកុលាបមិនអាចទ្រាំនៅជនបទទៀត ព្រោះពួកឧទ្ទាមចេះតែធ្វើបាបគ្រួសារនាង រហូតសម្លាប់ឪពុកនាងដោយទារុណកម្មទៀត នាងក៏សម្រេចចិត្តមកកាន់ ភ្នំពេញ ដើម្បីសុំជ្រកកោនជាមួយម្តាយធំតាមបណ្តាំខ្មោចឪពុក។
បងជីដូនមួយរបស់នាង ឈ្មោះមាលតី ដែលជាគូដណ្តឹងរបស់ប្រាថ្នា។ មុនដំបូងនាងកុលាបមិនដឹងឡើយ។ ថ្ងៃមួយពេលនាងតីរវល់ ក៏ប្រើកុលាបឲ្យយកផ្លែឈើទៅឲ្យគូដណ្តឹងនាងដែលកំពុងសម្រាកព្យាបាល។
ក្រោយមកនាងកុលាបផ្តើមមានវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ដោយគោរពតាមសម្តីដែលស្បថស្បែរជាមួយបងស្រីថា «នាងស្មោះនឹងបងស្រី ដោយមិនជ្រៀតជ្រែករឿងស្នេហាជាមួយបងស្រីឡើយ» ទើបនៅថ្ងៃដែលប្រាថ្នាត្រូវបើកភ្នែកជាដូចដើម កុលាបក៏ភៀសខ្លួនទៅបាត់ដំបងវិញ បន្សល់ទុកខ្សែកដែលប្រាថ្នាឲ្យ កន្សែងចងភ្នែកដែលប្រាថ្នានៅឈឺ និងកាស្សែតថតសម្លេងមួយ។
នឹកភូមិភ្នំធំ ទ្រនំក្អែកខ្មៅ ក្អែកខ្មៅ.. ទ្រូងមានដំបៅ ដិតស្នាមក្រឡៅ ដៅជាប់ព្រួញស្នេហ៍.. ទីទុយយំថ្នូរ លលកខ្មោចជួយដង្ហែ.. ក្រោមពន្លឺខែ បញ្ជាក់ថាបងស្នេហ៍តែអូនមួយ។ឧទ្ធម្ភាកចក្រ បងខ្វាក់លាអូន លាអូន.. ឪពុកនិងកូន ឈរលើកដៃជូន ទាំងទ្រូងក្តៅព្រួយ បងទុកខ្សែក ឲ្យអូនពាក់មួយ គ្រាន់ជាជំនួយ ជួយលួងលោមព្រួយ នៃដួងចិត្តអូន។ស្រាប់តែ ពេលនេះវាំងននជីវិត សាហាវងងឹត គ្របជិតលើក្បូន.. ប្រាថ្នា កុលាប ព្រាត់គ្នាសោះសូន្យ ព្រាត់ឆ្ងាយដូចក្បូន រសាត់ផាត់ជូនក្នុងស្ទឹងទឹកភ្នែក។ឱបងប្រាថ្នា អូនឈឺផ្សាណាស់ ផ្សាណាស់.. ជាតិនេះកម្មក្រាស់ វេនកម្មប្តូរផ្លាស់ដីប្រែជាមេឃ ..អូនជានារី បុណ្យសក្តិទាបពេក ទោះបីខំស្រែក រហែកលោកីយ៍ក៏ឥតបានការ។បងប្រាថ្នា យើងបែកគ្នាត្រឹមនេះចុះ!